គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី រៀបចំពីធីសម្ពោធ ២សាខាបន្ថែមទៀត

កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ដែលជាគ្រឹះស្ថានទទួលបានអាជ្ញាបិណ្ណសិទ្ធិស្របច្បាប់ លេខ ម.ហ-៥៨ ពីធនាគារជាតិ នៃកម្ពុជា បានរៀបចំពិធីសម្ពោធជាផ្លូវការនូវសាខាចំនួន ២ បន្ថែមទៀត គឺ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី សាខាសង្កាត់ចោមចៅ និងសាខាសង្កាត់ទួលសង្កែ ក្រោមអធិបតីភាព ឯកឧត្តម គិម វ៉ាដា អគ្គនាយកត្រួតពិនិត្យធនាគារជាតិ នៃកម្ពុជា។

នៅក្នុងពិធីសម្ពោធជាផ្លូវការសម្រាប់សាខាទាំងពីរនេះដែរ លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានលើកឡើងថា ដោយឃើញពីទិសដៅវែងឆ្ងាយក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលនៅតែបន្តអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងវិសាលភាព និងទំហំប្រតិបត្តិការ ហើយបានដើរតួនាទីកាន់តែ សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ កត្តាទាំងនេះហើយដែលជំរុញឲ្យ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានដើរតួនាទីក្នុងនាមជាប្រតិបត្តិករយ៉ាងសកម្ម និងចូលរួម អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត ស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងបើកទូលាយនូវគោលនយោបាយសេដ្ឋកិច្ច ទីផ្សារសេរីទាំង ក្នុងប្រទេស និងក្នុងតំបន់។ ដូច្នេះការពង្រីកខ្លួនរបស់ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី មកកាន់ភូមិសាស្ត្រ នៃសង្កាត់ចោមចៅ និងសង្កាត់ទួលសង្កែ នៅក្នុងពេលនេះ គឺជាជំហ៊ាន និងការឆ្លើយតបនឹងតម្រូវការមួយ ដែលផ្តល់ឱកាសដល់សាធារណៈជន និងសហគ្រាសទាំងឡាយក្នុងការទទួលបានធនធានហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍដល់សេដ្ឋកិច្ចក្នុងតំបន់គោលដៅ ក៏ដូចជាធ្វើឲ្យចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើងថែមទៀត។

សម្រាប់ឆ្នាំ ២០១៧ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី នឹងធ្វើការពង្រឹង និងពង្រីកទីផ្សារ ជាមួយនឹងយុទ្ធសាស្ត្រល្អៗបន្ថែមទៀត ដើម្បីធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ស្របតាមតម្រូវការទីផ្សារ និងធ្វើឲ្យអតិថិជនមានលទ្ធភាពប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែច្រើន ដែលនាំឲ្យមានការរីកចម្រើនសេដ្ឋកិច្ចក្នុងតំបន់ ឆ្ពោះទៅបណ្តាខេត្តដែលមានសក្តានុពលផ្សេងៗទៀត ជាមួយនឹង យុទ្ធនាការជំរុញឲ្យមានភាពផុសផុលទៅលើការផ្សព្វផ្សាយដល់តំបន់គោលដៅ និងផ្តល់ឲ្យអតិថិជនយើងនូវលក្ខខណ្ឌ និងកម្មវិធីពិសេសៗ ដែលបង្កើននូវភាពកក់ក្តៅក្នុងការរួមរស់ ក្នុងតំបន់ជាមួយគ្នា។

រហូតមកដល់បច្ចុប្បន្ននេះ ព្រីនស៍ ហ្វាយនែន ភីអីលស៊ី បានធ្វើប្រតិបត្តិការនៅក្នុងចំណែកទីផ្សារហិរញ្ញវត្ថុ តាមរយៈសេវាឥណទាន ដែលមានកម្ចី ៦ប្រភេទ បានធ្វើ ប្រតិបត្តិការ ជូនអតិថិជន គឺ
- ទី១-កម្ចីខ្នាតតូចបំផុតខ្នាតតូច និងមធ្យម
- ទី២-កម្ចីអភិវឌ្ឍជំនាញវិជ្ជាជីវៈ
- ទី៣-កម្ចីបុគ្គលិកក្រុមហ៊ុន ទី៤-កម្ចីទិញផ្ទះ ខន់ដូ និងជួលជុលគេហដ្ឋាន
- ទី៥-កម្ចីបុនហិរញ្ញប្បទាន
- ទី៦-កម្ចីសម្រាប់ជនបរទេស។