ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ធ្វើការចែកអំណោយមនុស្សធម៌ដំណាក់កាលទី ៣

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានធ្វើការសហការជាមួយក្រសួងមហាផ្ទៃក្នុងការរៀបចំនូវកម្មវិធីចែកអំណោយមនុស្សធម៌ ដំណាក់កាលទី៣ ជូនដល់ ប្រជាពលរដ្ឋដែលមានប័ណ្ណក្រីក្រ ចំនួន ៤៥៧ គ្រួសារ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៧។
គ្រឹះស្ថានបានរៀបចំជាកម្មវិធីចែកអំណោយសប្បុរសធម៌នេះឡើង ដើម្បីជួយសម្រាលទុក្ខលំបាករបស់ លោកតា-លោកយាយ ពូ-មីង បង-ប្អូន ប្រជាពលរដ្ឋ ដោយផ្អែកលើទស្សនវិស័យ និងបេសកម្មរបស់ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី គឺខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពប្រកបដោយវិជ្ជាជីវៈ យើងផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដែលងាយស្រួល និងស្របតាមតម្រូវការ និងផ្តល់ជូននូវរាល់ដំណោះស្រាយជូនបុគ្គលគ្រប់រូប ដែលជួបបញ្ហាលំបាកក្នុងជីវិភាព។
ហើយអំណោយក្នុងពេលនេះក្តី ត្បិតថាអាចជួយសម្រួលដល់ការខ្វះខាតបានត្រឹមតែមួយរយៈពេលខ្លីក៏ពិតមែន តែនេះសុទ្ធសឹងជាទឹកចិត្ត ក្នុងការចែករំលែកក្នុងនាមជាប្រជាពលរដ្ឋ ខ្មែរដូចគ្នា។ ស្ថិតនៅក្នុងគម្រោងចែកអំណោយមនុស្សធម៌នេះដែរ គឺធ្វើឡើងចំនួន ៣លើក នៅក្នុងស្រុកកំពង់ត្របែកនេះ គឺលើកទី១ ដែលបានរៀបចំនៅ វត្តគោខ្ចក កាលពីថ្ងៃទី ២៦ ខែ មីនា ចែកជូនដល់ប្រជាពលរដ្ឋមានចំនួន ២៤០គ្រួសារ, លើកទី២ ដែលបានរៀបចំ នៅវត្តស្គា កាលពីថ្ងៃទី ២៣ ខែ មេសា ចែកជូនដល់ប្រជាពលរដ្ឋមានចំនួន ២៤០គ្រួសារ និងលើកទី៣ ដែលបានរៀបចំឡើងក្នុង វត្តរមាសឈរ គឺមានចំនួន ៤៥៨គ្រួសារ។ សរុបទាំង លើក គឺ ៩៣៨ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករចំនួន ៥០គីឡូក្រាម, មីចំនួន ២កេស, ប្រេងឆាចំនួន ១ដប និងសាប៊ូដុសខ្លួនចំនួន ២ដប ដែលជំនួយទាំងអស់នេះ គឺជាជំនួយដោយសុទ្ធចិត្តអំពីគ្រឹះស្ថានយើងខ្ញុំ ចំពោះប្រជាពលរដ្ឋនៅក្នុងពេលនេះ។
សម្រាប់កម្មវិធីចែកអំណោយមនុស្សធម៌ ដែល ព្រីនស៍ ហ្វាយនែន ភីអិលស៊ី រៀបចំនៅពេលនេះ គឺមិនមែនជាលើកទីមួយទេ ក្នុងកិច្ចការងារសង្គម ដែលគ្រឹះស្ថានធ្វើកន្លងមក ដែលការចូលរួមនោះ គឺតាមរយៈ កម្មវិធីដូចជា៖ មាគ៌ាយុវជន, ព្រីនស៍ ដើម្បីបៃតង, ការដាំដើមផ្ការំដួលប្រចាំឆ្នាំ និងការបរិច្ចាគឈាមជួយសង្គ្រោះជីវិតមនុស្ស។ល។