ព្រីនស៍ ហ្វាយនែន ភីអិលស៊ី រៀបចំកម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំ ២០១៧

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី( Prince Finance PLC) បានសហការជាមួយ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ប្រារព្ធពិធីបរិច្ចាគឈាម លើកទី៣ របស់ខ្លួននៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨ ក្រោមប្រធានបទ “អ្នកបរិច្ចាគឈាម ខ្ញុំមានក្តីសង្ឃឹម” ដែលអ្នកចូលរួមបរិច្ចាគឈាម ប្រមាណ ៥០នាក់។

ពិធីបរិច្ចាគឈាមនេះ ក៏មានការចូលពីសំណាក់ថ្នាក់ដឹកនាំ ក្រុមហ៊ុន និងអង្គការចំនួន៥ ដែលជាដៃគូរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី មានដូចជា ក្រុមហ៊ុន ហុក គីមថេង ព្រីនធីង ហៅស៍, អង្គការទ្រទ្រង់សុវត្ថិភាពកម្ពុជា, Water O Mineral Water, Angkornet និង Falon Safe។

ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ដំណើរការអស់រយៈពេល៣ឆ្នាំ ហើយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះ តែងតែ ប្រារព្ធពីបរិច្ចាគឈាម នៅថ្ងៃទី ៩ ខែ វិច្ឆិកា ជារៀងរាល់ឆ្នាំព្រោះថ្ងៃទី ៩ ខែ វិច្ឆិកា គឺជាថ្ងៃដែលកងទ័ពកម្ពុជាបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីច្បាំងយកឯករាជ្យជាតិ។

ការចូលបរិច្ចាគឈាម របស់បុគ្គលិក និងថ្នាក់ដឹកនាំ នៃ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ក៏ដូចជាដៃគូអាជីវកម្មរបស់ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី គឺឆ្លុះបញ្ចាំងឲ្យឃើញពី អំពើមនុស្សធម៌ ដែលបានចូលរួមវិភាគទានជួយដល់សង្គមជាតិ ជាពិសេស ជួយដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់។

ម៉្យាងវិញទៀត ការផ្ដល់ឈាមនេះ គឺជាទង្វើដែលបង្ហាញ និងផ្សព្វផ្សាយសេចក្ដីស្រលាញ់ និងព្រហ្ម-វិហារធម៌របស់យើង ទៅកាន់អ្នកជំងឺ និងជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់ ព្រោះការផ្ដល់ឈាមនេះ គឺជាការផ្តល់ទានដ៏ឧត្ដមដើម្បីសង្គ្រោះជីវិត ។

បើតាមប្រសាសន៍របស់ លោក អ៊ូ សុខលាង មន្រ្តីផ្សព្វផ្សាយជ្រើសរើសអ្នកបរិច្ចាគឈាមនៅ មជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានឲ្យដឹងថា បច្ចុប្បន្ននេះមានយុវជនជាច្រើន បានចូល រួមបរិច្ចាគឈាមជាបន្តបន្ទាប់ ហើយក៏មានអង្គភាពជាច្រើន បានចូលរួមបរិច្ចាគឈាម តែតម្រូវការឈាមនៅប្រទេសកម្ពុជាកើនឡើងទ្វេ ហើយឈាមដែលបានបរិច្ចាគ មិនទាន់ អាចបំពេញតម្រូវការបាននៅឡើយទេ។

លោក បានបន្តទៀតថា មជ្ឈមណ្ឌលជាតិផ្ដល់ឈាម កំពុងតែរិះរកវិធីសាស្រ្តថាតើត្រូវធ្វើយ៉ាងណាដើម្បីឲ្យនៅត្រឹមឆ្នាំ ២០២០ ទទួលបានឈាម១០០ភាគរយ មានន័យថា ជនរងគ្រោះ ១០០នាក់ ដែលត្រូវការឈាម ត្រូវមានឈាមសម្រាប់ជួយពួកគេ។ ដូច្នេះ ដើម្បីឲ្យតម្រូវការឈាមគ្រប់គ្រាន់យុវជនកម្ពុជាគួរចូលបរិច្ចាគឈាម ដើម្បីជួយដល់ជនរងគ្រោះដែលត្រូវការ ឈាមជាចាំបាច់៕