ពិធីសម្ពោធជាផ្លូវការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី សាខាខេត្តបាត់ដំបង

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានពង្រីកវិសាលភាពរបស់ខ្លួន ដល់ទឹកដីខេត្តបាត់ដំបង ដោយបានសម្ពោធ បើកឲ្យប្រើប្រាស់សាខាខេត្តបាត់ដំបង ដើម្បីបម្រើសេវា ហិរញ្ញវត្ថុ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តដែលមានសក្ដានុពលមួយនេះ។

នៅក្នុងពិធីសម្ពោធន៍ដាក់ឲ្យប្រើប្រាស់សាខាខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែវិច្ឆកា នេះ លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានមានប្រសាសន៍ថា ការដាក់ដំណើរការសាខាខេត្តបាត់ដំបង របស់ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី គឺជាទំព័រថ្មីមួយដែល ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានធ្វើការពង្រីកទីផ្សារ ស្របតាមយុទ្ធ សាស្ត្រទីផ្សារឈានទៅមុខ តាមរយៈបេសកម្មចំនួន២។ បេសកម្មទី១ គឺគ្រឹះស្ថានយើងខ្ញុំនឹងផ្តោតទៅលើការខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាព សមត្ថភាព ក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុ ដែលមានភាពងាយស្រួលស្របតាមតម្រូវការ និងផ្តល់ជូនអតិថិជនដែលកំពុងជួបបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុនូវដំណោះស្រាយល្អ និង បេសកម្មទី២ គឺយើងខ្ញុំយកចិត្តទុកដាក់ខ្លាំងលើការងារកសាងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដើម្បីអាចធានាបានថាចំណេះដឹងរបស់បុគ្គលិកគ្រប់រូបមានសមត្ថភាពទៅតាមស្តង់ដារ និងមាន វិវឌ្ឍន៍ភាពតាមកាលៈទេសៈ។

លោកបានបន្តថា ការជ្រើសរើសយកខេត្តបាត់ដំបង ធ្វើជាគោលដៅក្នុងការពង្រីកអាជីវកម្មនាពេលនេះ គឺមិនមែនជាភាពចែដន្យនោះទេ គឺយើងខ្ញុំបានសិក្សាទៅលើកត្តាអំណោយផល ទាំងប្រជាជន ទីតាំងភូមិសាស្ត្រ និងសក្តានុពលនៃតំបន់ ដែលជាបច្ច័យអំណោយផលល្អ។សាខាខេត្តបាត់ដំបង របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ដែលមានវត្តមាននៅទីនេះ គឺមិនត្រឹមតែបម្រើនូវសេវាហិរញ្ញវត្ថុ ប្រកបដោយវិជ្ជាជីវៈជូនដល់អតិថិជនក្នុងតំបន់នោះទេ គឺគ្រឹះស្ថានយើងខ្ញុំក៏នឹងចូលរួមចំណែកក្នុងសកម្មភាពកិច្ចការងារ អប់រំ បរិស្ថាន និងមនុស្សធម៌ ដែលយើងទាំងអស់គ្នាអាចចូលរួមជាចំណែកមួយក្នុងកាតព្វកិច្ចសង្គមជាតិយើង។

គួរជម្រាបផងដែរថា រហូតមកដល់បច្ចុប្បន្ននេះបន្ទាប់ពី ព្រីនស៍ ហ្វាយនែន ភីអីលស៊ី ទទួលបានជោគជ័យក្នុងការពង្រីកខ្លួន សម្រាប់សាខាក្នុងរាជធានីភ្នំពេញ គឺយើងបាន ធ្វើប្រតិបត្តិការនៅក្នុងចំណែកទីផ្សារហិរញ្ញវត្ថុ តាមរយៈសេវាឥណទាន ដែលមានកម្ចី ៤ប្រភេទ គឺទី១-កម្ចីអាជីវកម្ម ទី២-កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន ទី៣-កម្ចីគេហដ្ឋាន និងទី៤- កម្ចីបុនហិរញ្ញប្បទាន។ យើងខ្ញុំបានផ្តល់ជូនដល់អតិថិជននូវលក្ខខណ្ឌពិសេសៗដូចជា សេវាកម្ចីបុនហិរញ្ញប្បទាន, ការសងមានជម្រើសច្រើន, ធានាអត្រាការប្រាក់ល្អ, ការផ្តល់កម្ចីរហ័សទាន់ចិត្ត និងរក្សាការសម្ងាត់ និងសេចក្តីថ្លៃថ្នូរជូនអតិថិជន។

សម្រាប់ឆ្នាំ ២០១៨ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ គឺជាទំព័រថ្មីមួយទៀតដែល ព្រីនស៍ ហ្វាយនែន ភីអិលស៊ី នឹងធ្វើការពង្រីកខ្លួនទៅដល់ខេត្តគោលដៅ សំខាន់ផ្សេងទៀត នោះគឺខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងក្រុងតែខ្មៅ ដែលសុទ្ធសឹងជាខេត្តក្រុងដែលមានសក្តានុពល ផ្នែកសេដ្ឋកិច្ច៕